ហេតុអ្វីបានជាពួកយើងនៅទីនេះ? តើពួកយើងមកពីណា? ហេតុអ្វីបានជាគ្រប់យ៉ាងប្រព្រឹត្តទៅបែបនេះ?
ទាំងវិទ្យាសាស្រ្តនិងសាសនាផ្តល់ចម្លើយចំពោះសំណួរជាមូលដ្ឋានទាំងនេះ ប៉ុន្តែមានការសន្និដ្ឋានខុសគ្នាខ្លាំង។ ម្ខាងលើកឡើងថាមានអត្ថន័យពីកំណើតក្នុងជីវិតមនុស្ស ហើយម្ខាងទៀតថា វត្តមានរបស់យើងនៅលើផែនដីនេះ មិនមែនជារឿងចៃដន្យនោះទេ។ វាមិនមែនជារឿងចម្លែកទេ ដែលពួកគេត្រូវបានចាត់ទុកជាលទ្ធិពីរដែលផ្ទុយគ្នា។ សំណួរទាំងនេះកើតចេញពីទំនោរធម្មជាតិរបស់មនុស្សក្នុងការយល់ និងពន្យល់ពីសកលលោករបស់យើង ដើម្បីស្វែងរកចម្លើយនិងអត្ថន័យ។ ដំបូងឡើយ ការពន្យល់ទាំងនេះចេញមកពីសាសនា គេយល់ថាព្រះគឺជាអ្នកដែលបង្កើតនូវផ្គររន្ទះ ព្យុះ និងសូរ្យគ្រាស។ ប៉ុន្តែឥឡូវនេះ យើងមានការពន្យល់ដែលសមហេតុផល ស៊ីចង្វាក់គ្នា និងអាចផ្ទៀងផ្ទាត់បាន។

សកលលោករបស់យើងគឺជាម៉ាស៊ីនដ៏ធំសម្បើមដែលគ្រប់គ្រងដោយសំណុំនៃច្បាប់ធម្មជាតិដែលមិនអាចបំបែកបាន។ គ្រាន់តែគិតអំពីការប្រកួតកីឡាវាយកូនបាល់ដ៏សាមញ្ញមួយ។ នៅទីនេះ បាល់តែងតែឈប់នៅកន្លែងដែលច្បាប់ធម្មជាតិដូចជាទំនាញផែនដី និងចលនាកំណត់។ គ្មានភាពខុសប្រក្រតី គ្មានករណីលើកលែង។ ពិតណាស់ មានអថេរមួយចំនួនដូចជាថាមពលសាច់ដុំរបស់អ្នកលេង ឬល្បឿនខ្យល់ ប៉ុន្តែទាំងនេះគ្រាន់តែដើរតួជាកត្តាបន្ទាប់បន្សំ ដែលដំណើរការដោយច្បាប់ធម្មជាតិទាំងនេះដោយគ្មានការផ្លាស់ប្តូរ ដើម្បីគណនាលទ្ធផល។ ច្បាប់ទាំងនេះមិនគ្រាន់តែមិនផ្លាស់ប្តូរទេ វាក៏កើតមានជាលក្ខណៈសកលផងដែរ។
នេះមានន័យថាអ្វីដែលអនុវត្តចំពោះកូនបាល់របស់យើង ក៏អនុវត្តចំពោះសភាវៈក្នុងលោកដ៏ធំបំផុតផងដែរ។ បដិវត្តន៍នៃភពផែនដីរបស់យើងគោរពតាមច្បាប់ទាំងនេះ រួមទាំងអាចម៍ផ្កាយទឹកកកមួយដែលកំពុងហោះឆ្លងកាត់លំហរនៃហ្វូងតារាផងដែរ។ លើសពីនេះ ច្បាប់ធម្មជាតិមិនអាចបំបែកបានទេ។ សូម្បីតែព្រះជាម្ចាស់ក៏នឹងត្រូវធ្វើតាមច្បាប់ធម្មជាតិដែរ ដែលផ្ទុយទៅនឹងទ្រឹស្ដីអំពីភាពអស្ចារ្យរបស់ព្រះ។ ប៉ុន្តែ ប្រហែលជាមានវិធីមួយដើម្បីផ្សះផ្សាទំនាក់ទំនងរវាងវិទ្យាសាស្ត្រសម័យទំនើបជាមួយនឹងទស្សនអំពីព្រះ។ នេះពាក់ព័ន្ធនឹងការឱ្យនិយមន័យព្រះថាជាច្បាប់មូលដ្ឋាននៃធម្មជាតិ ជាជាងសភាវៈដែលបង្កើតច្បាប់ធម្មជាតិ។
នេះជាវិធីដែល Einstein បានកំណត់ន័យរបស់ព្រះ ថាជាពាក្យយោងសម្រាប់ច្បាប់ដែលអាចសង្កេតនិងមិនអាចបំបែកបានរបស់សាកលលោក។ ការពន្យល់នេះអាចនឹងមិនពេញចិត្តចំពោះមនុស្សជាច្រើន។ នោះដោយសារតែយើងភាគច្រើនស៊ាំនឹងការគិតអំពីព្រះថាដូចទៅនឹងមនុស្ស សភាវមានញាណដឹង ដែលមនុស្សយើងអាចមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយ។ ប៉ុន្តែនៅពេលដែលអ្នកក្រឡេកមើលសកលលោកក្នុងទំហំដ៏គួរឱ្យភ័យខ្លាចរបស់វា ហើយប្រៀបធៀបវាទៅនឹងជីវិតមនុស្សដ៏តូចនិងងាយគ្រោះថ្នាក់នោះ ភាគរយដែលថាអាទិទេពជាអ្នកបង្កើតលោកគឺតូចខ្លាំងណាស់។ ដូច្នេះ ប្រសិនបើការពន្យល់បែបប្រពៃណីរបស់យើងអំពីការបង្កើតសកលលោកមិនត្រឹមត្រូវ តើសកលលោកចាប់ផ្តើមដោយរបៀបណាវិញ?